សម្តេចហ៊ុនសែនព្រមាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការក្រុងភ្នំពេញ ប៉ុន្តែ៤ឆ្នាំក្រោយមកផ្លូវក្នុងក្រុងរលួយ វល់ស្ទើរទាំងអស់

នាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន តស៊ូដោយអត់ធ្មត់ ខំរកលុយយ៉ាងតត្រុក ដំណើរត្រូវឆ្កែព្រូសទ្រហឹងគឹងកង យកមកអោយមន្ត្រីយើងគាត់កសាងទីក្រុង ស្ថាបនាជាតិ តែដោយសារផ្លូវធ្វើថ្មីៗក្នុងទីក្រុងភ្នំពេញ រលួយវ៉ល់ដូចមនុស្សស្លៀកពាក់ខោអាវប៉ះ ផ្លូវមួយណាដូចមួយណាស្ទើរទាំងអស់ធ្វើដដែលៗមិនចេះចប់ បើមិនជឿទេ សូមអញ្ជើញយាងទត ទ្រង់ទត អញ្ជើញដើរទៅមើលចុះ។ អោយតែមានថ្មីកាត់ បានថ្មីកាយ អាងតែលុយបានមកធ្វើ មិនមែនជាលុយរបស់ជីដូនជីតាអ្នកកាត់។ទើបកាលពី៤ឆ្នាំមុន សម្តេចហ៊ុន សែនបានព្រមានលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការក្រុងរឿងផ្លូវធ្វើហើយ ធ្វើទៀត ធើអត់ឈប់ ផ្លូវខូចខាតក៏ខូចមិនចេះឈប់ដែរ ប៉ុន្តែការព្រមាននោះដូចគេចាក់ទឹកលើក្បាលទា។ គួរឆ្ងល់ដែរឬទេថា តើគេអាងស្អី មានសិទ្ធិលើកបិុចសុីញ៉េ ចេះតែសុីញ៉េអោយកាត់ផ្លូវ អោយកាយផ្លូវ ដែលជាការបំផ្លាញលុយជាតិ ឥតឈប់ឈរបែបនេះ ?
៤ឆ្នាំមុនលោកប្រធានមន្ទីរសាធារណការក្រុងភ្នំពេញ លោក សាំ ពិសិដ្ឋ ត្រូវនាយករដ្ឋមន្រ្តីប្រដៅ យ៉ាងគួរអាមាស់បំផុត នៅនឹងមុខមហាជន មន្ត្រីជាន់ខ្ពស់ ហើយប្រជាជនមួយប្រទេសបានស្តាប់ និងបានទស្សនាគ្រប់គ្នាបើសិនជាមនុស្សនៅមានឧត្តមគតិខ្លះ ក្រោយពេលត្រូវត្មោងនោះ រាងចាលមិនដឹងជម្រាបខ្មោចដូនតាដូច្ម៉្តេចទេ។ ភាពអាមាស់នេះ បើប៉ះបុគ្គលខ្លះវិញ អាចនឹងសុំលាលែងការងារ ឬអាចនឹងរត់ទៅរកខ្សែចងកធ្វើអត្តឃាតទៀតផង ព្រោះថាខ្មាស់គេពេញម៉ាស្រុក! ត្បិតក្លាយខ្លួនជាមនុស្សដែលមហាអន់បំផុតចំពោមុខចំណោម ដោយសារតម្រិះខ្លួនចេះធ្វើផ្លូវតូច មិនចេះចប់មិនចេះហើយ ធ្វើក្រោយខូចមុខ ធ្វើមុខខូចក្រោយ ចាក់ស្តើងដើម្បីផ្គុំក្បាលគ្នាសុីក្រាស់ ខ្ពើមទុកផ្លូវមួយណាអោយនៅថ្មីថែមទៀត មានថ្មីអោយកាត់ បានថ្មីអោយកាយ បើមិនយកលេសនេះលេសនោះស្រេចតែចិត្តចង់ សុីញ៉េកាត់បំផ្លាញឥតឈប់ឥតឈរ អត់ចេះហត់នោះ ទើបផ្លូវក្នុងទីក្រុងស្ទើរទាំងអស់ ឃើញតែបំណះ ប៉ះបិតក្រហុីងក្រហូង រលួយវ៉ល់ ធ្វើជាប់រហូត ដូចគេពាក់អាវប៉ះ ។
៤ឆ្នាំមុនដោយសារតែផ្លូវធើជាប់ ហើយផ្លូវរហែក បែកផុង ប៉ះជួសៗ រវល់ធ្វើពេកទើបសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការព្រមានយ៉ាងជូរចត់ និងស្នើឱ្យលោកសាំ ពិសិដ្ឋ ចុះមើលផ្លូវ ឬត្រូវវិលកង់ឡានជានិច្ច ។ការព្រមាននេះធ្វើឡើងខណ:ដែលសម្តេចនាយករដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី៥ មេសា ២០១៦ ចូលរួមជាអធិបតី ក្នុងពិធីបើកសម្ភោធអាគារសាលាក្រុងភ្នំពេញដ៍ថ្មីសន្លាង ។
សម្តេចហ៊ុន សែន ដែលបានប្រឹងប្រែងខ្លាំងណាស់ ណែនាំអោយស្ថាប័នពាក់ពន្ធ័ខិតខំរកលុយមកអោយមន្ត្រីធ្វើផ្លូវក្នុងក្រុងភ្នំពេញ ខំគៀងគរនិងខ្ចីបុលបរទេសខ្លះទៀត ដើម្បីយកមកអោយធ្វើផ្លូវក្នុងរាជធានីខ្មែរ អោយស្អាត លើកមុខជាតិ លើកមុខអ្នកដឹកនាំ តែបែរជាលោកសាំ ពិសិដ្ឋធ្វើមិនចេះចប់មិនចេះហើយ ផ្លូវខ្លះគ្មានស្តង់ដារ៍សោះ គ្មានគុណភាពសោះ ធ្វើទៅមុខ អាក្រោយរលាយខ្សុល អាផ្លូវថ្មីៗសីុញ៉េកាត់ សុីញ៉េកាយ ប៉ះប្រើពេញក្រុងខូចខាត ហើយធ្វើជាប់រហូត។
ដល់ថ្ងៃនេះការព្រមានបានកន្លងផុត៤ឆ្នាំមកហើយ លោកមន្ត្រីសាំ ពិសិដ្ឋ និងបក្ខពួក មិនដែលអោយតម្លៃ ឬចោះត្រចៀកចាំទុកក្នុងចិត្ត អោយតម្លៃ ការព្រមានរបស់មេដឹកនាំកំពុូលសម្តេចហ៊ុន សែនឡើយ។
៤ឆ្នាំកន្លងផុតទៅ លោកសាំ ពិសិដ្ឋថែមទាំងមិនខ្ចីកែប្រែកំហុសឆ្គង ហើយបែរជាផ្គើន ធ្វើផ្លូវក្នុងក្រុងគ្មានគុណភាព មិនមានបច្ចេកទេស មិនស្តង់ដារ៍ដដែលហើយថែមទាំងកាត់បំផ្លាញផ្លូវខ្ទេចខ្ទីអស់ពេញទីក្រុងថែមទៀត។ផ្លូវណាក៏សុទ្ធតែប៉ះ (ផ្លូវប៉ះមិនអាចប្រើកើតទៀតទេ បើមិនអីចឹងចាំធ្វើផ្លូវថ្មីនាំអស់លុយច្រើនធ្វើអី?ហើយ មុនធ្វើផ្លូវថ្មីគេ មិនបាច់កាយដីស្អុយ មិនបាច់រើសមែកឈើចេញ ឬ រើសសំណល់ចេញធើអីទេ)។តែនេះមិនដឹងបច្ចេកទេសម៉ែអាថ្លែនមួយណាបង្រៀនមេសាធារណការម្នាក់នេះទេ កុំថាឡើយគ្មានការបង្ហាប់អោយត្រឹមត្រូវ ការប៉ះផ្លូវទាំងអស់សុទ្ធតែដូចធ្វើនឹងជើង កន្លែងខ្លះអាអ្នកលុបផ្លូវធ្វើអោយរួចពីដៃ ដោយប្រញាប់យកលុយទិញអង្ករសុី ទ្រុបៗ ទ្រុបៗចាក់ខ្សាច់ ចាក់គ្រួស ទ្រុបៗ ល្មមៗជះកៅស៊ូលាបៗហើយបាត់ ទើបផ្លូវវាខូង ផ្លូវវាផត ផ្លូវវាបែកកើតក្រឡុកដូចរន្ធបាយខុម យូរៗក្លាយជាប៉ុនថាស ប៉ុនចង្អេរ រួចភ្លៀងមួយមេរលួយវ៉ល់គ្រប់ផ្លូវពេញទី
ក្រុង។ មន្ត្រីទទួលខុសត្រូវផ្លូវក្នុងទីក្រុងទាំងមូល មិនដែលបើកភ្នែកមើល មិនដែលដើរមើល ជិះឡានឈ្ងោក មិនខ្ចីស្តាប់តាមការប្រៀនប្រដៅរបស់មេដឹកនាំផង រឿងអីវាមិនរលួយគ្រប់កន្លែងទៅ?។
ប្រទេសមួយបើមានមន្ត្រីដែលនាំគ្នាអង្អុយរកនឹកបំផ្លាញជាតិបែបនោះច្រើន តើវាខុសអី ពីការប្រែក្លាយស្មារតីដឹកនាំល្អរបស់មេដឹកនាំម្នាក់ អោយទៅដូចជា ការដឹកនាំបែបកាប់ដីពីភ្លឺស្រែ ដើម្បីបិតភ្លឺស្រែដដែលៗទៅ ?។
ជុំវិញការសុីញ៉េកាត់ សុីញ៉េកាយផ្លូវក្រោមលេសនេះ លេសនោះ មិនចេះហត់នឿយឥតឈប់ឈរនេះ សង្ស័យជាអាជីវកម្មមួយរដ៏គ្រោះថ្នាក់យូរមកហើយ វាអាចពាក់ពន្ធ័ ដល់ការរួមគំនិតប្រព្រឹត្តនូវអំពើពុករលួយធ្ងន់ធ្ងរ ដែលថ្នាក់ដឹកនាំកំពូលៗលើកលែងតែចៅហ្វាយក្រុងភ្នំពេញចេញ គួរមានវិធានការត្រួតពិនិត្យដាក់ទោសទណ្ឌ ជាជាងគ្រានតែថាហើយ ហើយក៏មិនគូរមើលរំលងសោះឡើយ។