ក្រុមឈ្មួញកំពុងឈូសឆាយ(ដីរដ្ឋ)ដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិអស់រាប់រយហិកតា នៅក្នុងភូមិ ពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សង្ស័យមានមន្ត្រីឃុំថ្មពេជ្រមួយរូប ពុករលួយជួយបិទបាំង

Bakheng News
29/04/2021
ប្រភពពីប្រជាពលរដ្ឋកំពុងរស់នៅក្នុងភូមិពើកនៃឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(សុំមិនបញ្ចេញឈ្មោះ)ដើម្បីសុវត្ថិភាពបានអោយដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា៖ ឆ្លៀតពេលសង្គមជាតិកំពុងវឹកវរកើតមានវិបត្តិរាលដាលជម្ងឺកូវុីដ១៩នេះ ឈ្មួញមានលុយឆ្លៀតពងយកគ្រឿងចក្រចូលឈូសរុករាន្តទន្ត្រាន្តព្រៃលិចទឹកអស់រាប់រយហិកតា ហើយបាននិងកំពុងតែវ៉ៃសម្រុក ឈូសឆាយទន្ទ្រានយក(ដីរដ្ឋ)ដីព្រៃលិចទឹក(ជម្រកត្រីពងកូន)ជាច្រើនរយហិកតាទៀតដើម្បីសម្រេចតាមផែនការពួកគេកំណត់ត្រូវយកអោយបានជាង១០០០ហិកតា បើគឹតត្រឹមថ្ងៃនេះទើបតែបានជាង៦០០ហិកតា។ហេតុការណ៍លួចឈូសយកដីព្រៃលិចទឹកល្មើសច្បាប់នេះកើតឡើងនៅក្នុងភូមិ ពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបាននិងកំពុងធ្វើសកម្មភាពលួចលាក់យ៉ាងស្ងាត់ឈឹង តាមរបៀបវ៉ៃផ្ការីកចេញពីចំណុចព្រៃលិចនៅទឹឆ្ងាយបំផុតពីភ្នែកពលរដ្ឋ ក្នុងគម្រោងការគ្រោងទន្ទ្រានយកអោយបានចំនួនលើសពី១០០០ហិកតា។ផែនការពួកឈ្មួញនេះធ្វើបានហ្មត់ចត់ល្អណាស់ គឺលុះត្រាតែឈូសបានសម្រេចពីក្នុងព្រៃជ្រៅតាមផែនការគ្រោងទុកឬធ្វើអោយអង្ករក្លាយជាបាយព្រៃលិចទឹកក្លាយជាវាលនិងទៅជាវាលស្រែស្រូវពង្រួោះអស់សិន ទើបពួកគេឈូសទម្លាយចេញមកវាលក្រៅអោយពលរដ្ឋទូទៅបានឃើញ។

ប្រភពដដែលបន្តអោយដឹងទៀតថា៖គម្រោងការលួចឈូសឆាយទន្ទ្រានយកដីរដ្ឋ ឬដីព្រៃលិចទឹកជម្រកត្រីពងកូនក្នុងតំបន់នោះ គឺជាគំរោងធំមិនធម្មតារបស់ឈ្មួញមានលុយគប់គឹតជាមួយមន្ត្រីថ្នាក់ឃុំថ្មពេជ្រម្នាក់ ។ប្រភពពន្យល់ថា សកម្មភាពបំផ្លាញបំផ្លាញធំធេងបែបនេះ អាចប្រព្រឹត្តទៅបានលុះត្រាតែមានការគប់គឹតគ្នាជាប្រព័ន្ធ គឺលុះត្រាតែ លោកមេភូមិពើក មេឃុំថ្មពេជ្រ មន្ត្រីបរិស្ថានស្រុក មន្ត្រីភូមិបាលស្រុក ហើយនិងលោកចៅហ្វាយស្រុកឬមាននរណាម្នាក់បោះមេកាង(ដាំដើមគរ)ដឹងហើយធ្វើដូចមិនដឹងទើបអាចឈូសឆាយបាន?។
ប្រភពពីពលរដ្ឋដដែលនោះអះអាងថា៖ដើម្បីបិទបាំងអំពើចោរកម្មឈូសឆាយយកដីព្រៃលិចទឹកល្មើសច្បាប់ ឬបិទបាំងរឿងខ្មោចដំរីងាប់នេះបានយ៉ាងរលូន ឈ្មួញបានពឹងពាក់លើការជួយជ្រោមជ្រែង ពីមន្ត្រីឃុំថ្មពេជ្រថ្លើមពាសមេឃម្នាក់ (មិនទាន់ដឹងមុខមាត់ពិត)អោយជួយទប់ជ្រែងឬបិទបាំងអំពើល្មើសនិងជួយបោះមេបិទបាំង ជាថ្នូរនឹងការផ្តល់ជូននូវទឹកប្រាក់ដែលត្រូវបានពួកគេឯកភាពគ្នាដោយកំណត់ចំនួនលុយយ៉ាងជាក់លាក់ ទៅតាមផលចោរកម្មឈូសយកដីរដ្ឋដែលសម្រេចបានគឹតជាមួយហិកតា ។ ហេតុដូច្នោះហើយទើបសកម្មភាពល្មើសច្បាប់ដ៏ធំមួយនេះស្ងាត់ឈឹង មិនមានមន្ត្រីឬអាជ្ញាធរខាងណាមួយឬក្រុមណាមួយ មកក្អកក្រហ៊ែមក្បែរទីតាំងប្រព្រឹត្តបទល្មើសរាប់ខែមកហើយនោះសោះឡើយ។
ប្រភពទម្លាយអោយដឹងបន្ថែមថា៖សកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ព្រៃលិចទឹកបំពានច្បាប់ក្នុងភូមិសាស្រ្តភូមិពើក ឃុំថ្មពេជ្រនេះ កំពុងវ៉ៃសម្រុកខ្លាំងក្លាកាលពីព្រកថ្ងៃ២៧ខែមេសា២០២១នេះល្បីថានៅប៉ុន្មានថ្ងៃខាងមុខនេះមេឈ្មួញគ្រោងដាក់គ្រឿងចក្រ ប្រភេទអាប៊ុលខ្នាតធំមួយគ្រឿងទៀតបន្ថែមពីលើគ្រឿងចក្រអាប៊ុលខ្នាតធំចំនួន២គ្រឿងដែលបាននិងកំពុងចូលទៅឈូសព្រៃពីខាងក្នុងព្រៃជ្រៅស្រាប់ដើម្បីពន្លឿនមុនមានភ្លៀងជោគជាំ។
ប្រភពបន្តសម្តែងពីការស្តាយព្រៃលិចទឹកថា៖ព្រៃលិចទឹករាប់រយហិកតា ឈ្មួញឈូសឆាយយកបានយ៉ាងស្ងាត់គ្មានការរំខានអ្វីទាំងអស់ដល់អាជ្ញាធរ តើហេតុអ្វី។គាត់បន្តថា នោះក៏ព្រោះតែពួកគេគប់គឹតគ្នាជាប្រព័ន្ធនិងរៀបផែនការបានល្អឥតខ្ចោះចាប់ផ្តើមឈូសយកពីក្នុងព្រៃលិចទឹកដែលឆ្ងាយមិនងាយនឹងមានអ្នកស្រុកចូលទៅដល់ និង ដោយសារតែពលរដ្ឋរវល់ភ័យព្រួយបញ្ហាទប់ស្កាត់ជម្ងឺកូវុីដ១៩មិនសូវរវល់នឹងចូលព្រៃផងដែរ ទើបពួកគាត់មិនទាន់ដឹងរឿង ហើយទើបមិនមានការរំខាន ជាឳកាសអោយពួកឈ្មួញឈូសឆាយយកដីព្រៃលិចទឹកជម្រកត្រីពងកូនបានដោយស្ងាត់ឈឹងដូច្នេះ។ប្រភពដដែលធ្វើការប៉ាន់ស្មានថាពួកគេ(ឈ្មួញ)ឈូសឆាយព្រៃបានសម្រចបានប្រមាណជាង៦០០ហិកតារួចជាស្រេចទៅហើយ។
ហេតុការណ៍ឈូសឆាយដីរដ្ឋ ដីព្រៃលិចទឹកជម្រកត្រីពងកូនបន្តពូជ ដោយយកគ្រឿងចក្រទៅឈូសរុករាន្ត្រ ទន្ទ្រាន្តកាន់កាប់ជាក់ស្តែងហើយកំពុងប្រព្រឹត្តទៅដោយរលូននាពេលនេះដូចគេមុជទៅផោមក្នុងទឹក ទោះខំលាក់បាំងយ៉ាងណានៅតែបែកធ្លាយស្អុយអាសោចិ៍លើគោកតែដដែល។
ទាក់ទិននឹងល្មើសជាក់ស្តែងឈូសឆាយរុករាន្តទន្រ្ទាន្តកាន់កាប់ព្រៃលិចទឹកអស់ច្រើនរយហិកតានៅភូមិពើក ឃុំថ្មពេជ្រ នេះ សារព័ត៌មានយើងបានទាក់ទងតាមទូរសព្ទ័ជាច្រើនលើកទៅលោក តុន ធា មេឃុំថ្មពេជ្រ ដើម្បីសុំការបកស្រាយពន្យល់នូវវិនាសកម្មដ៏ធំធេងដែលកំពុងកើតមានក្នុងដែនសមត្ថកិច្ចផ្ទាល់របស់លោកប៉ុន្តែទូរស័ព្ទរបស់លោកនៅក្រៅសេវារហូតមិនអាចសុំបកស្រាយបានទេ។ សារព័ត៌មានយើងក៏បានព្យាយាមទាក់ទងតាមទូស័ព្ទទៅកាន់លោក សេង សុឃឿន អភិបាលស្រុកត្បូងឃ្មុំដែលទើបមកកាន់តំណែងថ្មីជំនួសអភិបាលស្រុកចាស់លោកកេង ប៊ុនណា ដើម្បីមេត្តាជម្រាបពីហេតុការណ៍គប់គឹតឈូសឆាយបំផ្លិចបំផ្លាញព្រៃលិចទឹកអស់ជាច្រើនរយហិកតាក្នុងភូមិពើក ឃុំថ្មពេជ្រ ក្នុងដែនសមត្ថកិច្ចស្រុកត្បូងឃ្មុំរបស់លោកដែរ ប៉ុន្តែទូរស័ព្ទលោកមិនអាចទាក់ទងបានដូចគ្នា។
ទោះជាយ៉ាងណា ករណីឈ្មួញកំពុងឈូសឆាយទន្ទ្រានកាន់កាប់បំផ្លាញព្រៃលិចទឹកយកជាកម្មសិទ្ធិនៅពេលនេះ ជាករណីប្រព្រឹត្តបទល្មើសយ៉ាងជាក់ស្តែង ព្រោះតំបន់កំពុងឈូសឆាយនោះជាដីរដ្ឋ ជាតំបន់ដីព្រៃលិចទឹក ។ទោះយ៉ាងណា យ៉ាងហោចណាស់បន្ទាប់ទទួលបានព័ត៌មាននេះភ្លាម សង្ឃឹមថាសមត្ថកិច្ចគ្រប់ជំនាញគ្រប់ស្ថាប័នពាក់ពន្ធ័ដែលស្អាតស្អំ នឹងចុះទៅកាន់តំបន់នោះដើម្បីបង្ក្រាបអោយបានទាន់ពេលវេលា ។ដោយឡែកចំពោះមន្ត្រីឃុំថ្មពេជ្រមួយរូបដែលពលរដ្ឋសង្ស័យថាជាប់ពាក់ពន្ធ័ពុករលួយដោយផ្ទាល់ជាមួយឈ្មួញក្នុងការលួចឈូសឆាយព្រៃលិចទឹក តើមានការពិតកម្រឹតណានោះ មិនពិបាកវែកមុខទេបន្ទាប់ពីមានការចុះបង្ក្រាបដោយពិតប្រាកដមួយ បិតជាអាចស្រាវជ្រាវវែកមុខដាក់ទោសទណ្ឌតាមច្បាប់ជាក្រោយក៏មិនយឺតពេលដែរ៕