មេក្លោងគ្រឿងញៀន ថៅកែមជ្ឈមណ្ឌលកំសាន្តរ៉ុកឈ្មោះគឹត ធាងបងបង្កើតសេដ្ឋីគឹត ម៉េង ជាប់គុកពីបទ”សម្រួលចែកចាយ ការជួញដូរគ្រឿងញៀនជិត៥០គីឡូក្រាមនិងកាន់កាប់អាវុធខុសច្បាប់” ត្រូវតុលាការដោះលែងវិញយ៉ាងរំភើយ

ឧកញ៉ា គិត ធាង ថៅកែក្លឹបកំសាន្តរ៉ុក (ROCK CENTER) តែក្រោយមកអ្នកសុីក្លូម៉ូតូឌុបបានហៅគាត់ថា(អាញ៉ុកគឹត ធាង)ឬ(អាគឹតធាង)ពេញៗមាត់ បន្ទាប់ពីត្រូវសមត្ថកិច្ចវែកមុខ និងចាប់ខ្លួនក្នុងសំណុំរឿងសមគំនិតចែកចាយគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ជិត៥០គីឡូក្រាមនៅមណ្ឌល

កំសាន្តរ៉ុករបស់ខ្លួននោះ។ ឥឡូូវនេះត្រូវអស់លោកខាងតុលាការ សាលាអ៊ុតទ័រ សម្រេចដោះលែងអោយមានសេរីភាពចេញពីគុកស្រុករំដួលយើង ដែលល្បីថាមានម៉ាឈុត សម្រាប់អាអ្នកមានជាប់គុក មានស្រី មានស្រា អាហារឆ្ងាញ់ ម៉ាសុីនត្រជាក់ នោះវិញ យ៉ាងរំភើយកាលពីថ្ងៃទី១៤ខែ
ឧសភាឆ្នាំ២០២១នេះ។
សូមបញ្ជាក់អោយច្បាស់ដូចអក្សរចិនសរសេរដាក់ម៉ុងខ្មោចថា កន្លងមក ឈ្មោះ គិត ធាង ដែលត្រូវជាបងបង្កើតរបស់មហាសេដ្ឋី គឹត ម៉េង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអោយជាប់ពន្ធនាគារ(គុក)៤ឆ្នាំ ខណៈទោសបែបនេះដូចគ្នា បើគេចាប់បាននៅស្រុកយួន អ្នកពាក់ពន្ធ័ត្រឹមតែ១គីឡូ ក៏គេយកទៅបាញ់ចោលកុំអោយចង្រៃប្រទេសគេទៅហើយនោះ។
អ្នកតាមដានសង្ស័យអាចមានភាពមិនប្រក្រតីរួចបាត់ទៅហើយដោយសារតែសាលាដំបូងបានចេញសាលក្រម ដាក់ទោសមេក្លោងនេះត្រឹមតែពីបទ “ចាត់ចែងសម្របសម្រួលអោយប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ជិត៥០គីឡូក្រាម នឹងប្រើប្រាស់អាវុធខុសច្បាប់”នៅក្នុងក្លឹបកំសាន្តរបស់ខ្លួននោះ ថា ជាតម្រុយដែលនឹងធ្វើអោយមានថ្ងៃនេះ។ ហើយថ្ងៃនេះហាក់គ្មានអ្វីចម្លែកឡើយដែល គិត ធាង ត្រូវបានតុលាការសម្រេចដោះលែងដោយស្ងាត់ៗអោយមានសេរីភាពវិញដោយកាត់តម្រឹមត្រឹម២ឆ្នាំ ទោសនៅសល់ត្រូវបានព្យួរធម្មតា។
ការដោះលែងទណ្ឌិត គិត ធាង ថៅកែមជ្ឈមណ្ឌលកំសាន្តរ៉ុកនោះ មានការសម្តែងមតិខ្លះប្រើពាក្យគ្រោតគ្រាតដោយថា មេក្លោងនោះមិនថាជានរណាឡើយ អោយតែពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនដល់ទៅជិត៥០គីឡូក្រាម គប្បីតែធ្វើច្បាប់ថ្មីបន្ទាន់ ហើយយកទៅបាញ់ចោលមួយភ្លាមៗ បាញ់ចោល១កម្លា១០០០ឬដាក់គុកមួយជីវិតនេះ ។មិនត្រូវបែរជាអោយអនុវត្តទោសតែ២ឆ្នាំសល់ប៉ុន្មានត្រូវព្យួរបែបនេះទេ។
ព័ត៌មាននេះបានធ្វើឲ្យមជ្ឈដ្ឋានពលរដ្ឋផឹកកាហ្វេឈរ នឹងមន្ត្រីរាជការផឹកអង្គុយអត់តុ និងកងកំលាំងដែលចុះបង្ក្រាបមួយចំនួនមានការវិភាគជជែកគ្នាជាប្រធានបទថ្មី ពួកគាត់លើកឡើងមិនដាច់ពីមាត់មួយទៅមាត់មួយ បន្ទាប់ដឹងថាតុលាការរំដួលយើងដោះលែងទណ្ឌិតគិត ធាងស្ងាត់ៗ ខ្លះលើកឡើងថា÷
-ច្បាប់ចែងលើក្រដាសបានល្អ ប៉ុន្តែមន្ត្រីតុលាការដែលជាអ្នកចាត់ចែងអនុវត្តច្បាប់ខ្លះតែងតែប្រើឆន្ទានុសិទ្ធិ ឆាន់តែ ឆាន់ស្ករ បានធ្វើអោយស្មារតីច្បាប់ទន់ជ្រាយលុតជង្គង់ចំពោះមុខលុយបាន ដូចគេតំណាលថា អ្នកមានលុយអាចហៅខ្មោចអោយកិនម៉្សៅបាន ?។
-ខ្លះទៀតលើកឡើងថា
-តើទោសកំហុសមេក្លោងគ្រឿងញៀនដ៏ធំ គឹត ធាង ម្នាក់នឹងពិតជាមានចែងក្នុងច្បាប់អោយដាក់ទោសស្រាលៗដូចដាក់ទោសចោរលួចកង់មែនទេ?
-ខ្លះថា មេក្លោងគឹត ធាងបង្កអោយមានជនរងគ្រោះជាយុវជន ជានិស្សិត ជាយុវកសិករ ជាយុវកម្មករ ជាកូនដ៏ជាទីស្រឡាញ់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរណាស់ទង្វើជួញគ្រឿងញៀនក្នុងក្លឹបរ៉ុក ក៏ដោយសារមហិច្ឆតាថោកទាបចង់មានបានរបស់មេក្លោងគ្រឿងញៀននេះដែរ។
-ខ្លះថាមានតំណក់ទឹកភ្នែកម្តាយឳពុកស្លូតត្រង់ អាណាព្យាបាល របស់យុវជនយុវតីខ្មែរ យ៉ាងច្រើនអនេក បានហូរស្រោចភក្ត្រាដោយឈឺក្តីចាប់ជាទីបំផុតដោយសារតែទង្វើអូសទាញដ៏គម្រក់របស់ក្រុមជួញដូរក្នុងក្លឹបទណ្ឌិត គឹត ធាងនេះ ។
ការលើកឡើងទាំងឡាយសុទ្ធតែសម្តែងការខកចិត្តឈឺចាប់យ៉ាងខ្លាំងចំពោះការតម្រឹមក្តីរបស់តុលាការ ដែលមិនសមនឹងធ្វើរឿងដ៏អាម៉ាស់ដូច្នេះសោះ។
គួរបញ្ជាក់ថា៖តាមប្រភពពីសាលាឧទ្ធរណ៍បានទម្លាយអោយដឹងនៅថ្ងៃទី១៤ ខែឧសភា ២០២១ ថា ឈ្មោះគិត ធាង ជាមេក្លោងគ្រឿងញៀនត្រូវបានសាលាឧទ្ធរណ៍សម្រេចកាត់ទោសតម្រឹមអោយអនុវត្តទោសត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ផ្សេងទៀត ត្រូវព្យួរជាធម្មតា។ចំណែកអ្នកពាក់ពន្ធ័ជាង៣០នាក់ទៀតក្នុងនោះមានទាំងអស់រួមទាំងជនជាតិចិនផងដែរ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយទណ្ឌិត គិត ធាង នោះមិនត្រូវបានសម្រាលឬដោះលែងឬកាតតម្រឹមទោសអោយនោះទេ ។ មេក្លោងគ្រឿងញៀនធ្លាប់មានងារជាឧកញ៉ា គិត ធាង ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។ បន្ទាប់មកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រូវសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអោយ គិត ធាង ជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ ពីបទ” ចាត់ចែង សម្របសម្រួលអោយមានការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ ៤៩,៤៤គីឡូក្រាម ក្រោយមកមានការលើកឡើងថា គ្រឿងញៀនបានថយពីចំនួនជិត៥០គីឡូមកមានប្រមាណតែ៣០គីឡូក្រាមវិញ??? ។ ប្រតិបត្តិការនោះសមត្ថកិច្ចនគរបាលរាធានីភ្នំពេញ ក្រោមបញ្ជាផ្ទាល់ដោយ ឯកឧត្តម ស ថេត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបនៅក្នុងមជ្ឈមណ្ឌល កម្សាន្តរ៉ុក ធ្វើអោយផ្អើលក្រុងភ្នំពេញកាលពីដើមឆ្នាំ២០១៩ ។
គេហទំព័រ សារព័ត៌មានបាខែង បានព្យាយាមទាកទងតាមទូរសព្ទ័ទៅកាន់ឯកឧត្តមកើត រឹទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម និងអ្នកនាំពាក្យក្រសួងយុត្តិធ៌ម លោក ដើម្បីទទួលបានយល់ដឹងពីការកាត់តម្រឹមទោសអោយទណ្ឌិតពិសេសលើទណ្ឌិតមេគ្រឿងញៀនឈ្មោះគឹតធាង ជាមេក្លោងគ្រឿងញៀនដ៏ធំនេះ តែមិនអាចសុំការបកស្រាយបំភ្លឺបានទេព្រឹកមិញដោយទូរសព្ទ័មិនអាចទាក់ទងបាន ប៉ុន្តែយើងនឹងបន្តសុំការបកស្រាយនៅលេខក្រោយទៀត៕