តារាងបាល់ទះមួយកន្លែង កំពុងបើកលេងផ្ទះលេខ8 ផ្លូវលេខ466 សង្កាត់បឹងត្របែក ខណ្ឌ ចំការមន ក្រុងភ្នំពេញ លួចបង្កប់ល្បែងសុីសង បៀរ អាប៉ោង បញ្ជល់មាន់

តារាងបាល់ទះមួយកន្លែង កំពុងក្លាយបនល្បែងខុសច្បាប់ និង ជាទីពេញនិយមរបស់ក្រុមមនុស្សញៀនល្បែង ដោយសារតារាងបាល់ទះនោះ បានបើកអោយលេង បៀរ អាប៉ោង បញ្ជល់មាន់បន្ថែម ជ្រកក្រោមរូបភាពតារាងបាល់ទះ។ថៅកែតារាងបាល់ទះដែលជាមេបនល្បែង ល្បីថាកំពុងរកសុីបើកល្បែងរកចំណេញកប់ៗក្តោង ។តែវាជាបនល្បែង វាជាមេរោគ វាជាបំណែកមួយនែកន្សោមមេរោគ  នាំគ្រោះកាចដល់សង្គមជាតិ។កន្លងមកឥរិយាបទអាជ្ញារធរដែនដីនិងសមត្ថកិច្ចមូលដ្ឋាន ពួកគាត់ហាក់នាំគ្នីគ្នា ដេកឬដើរទន្ទេញ  ដោយប្រឹងទន្ទេញយ៉ាងរត់មាត់នូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព  ដែលបានដាក់ចេញអោយមូលដ្ឋានអនុវត្ត ដោយក្រសួងមហាផ្ទៃ ដើម្បីអោយភូមិ សង្កាត់មានសុវត្ថិភាព  សន្តិសុខល្អ តែភូមិសង្កាត់ ហាក់ខំបំប្លែងគោលនយោបាយថ្នាក់លើនេះ ទៅជាសាច់ខ្វៃទៅវិញ?។

      ប្រភពអោយដឹងថា៖ទីតាំងនៅតារាងបង្កប់ល្បែងស្ថិតនៅផ្ទះលេខ466 ភូមិ8 សង្កាត់បឹងត្របែក ។ម្ចាស់ទីតាំងប្រើរូបភាពបំភាន់ភ្នែកបើកតារាងបាល់ទះ បង្កប់បនល្បែង ល្មើសច្បាប់ អាប៉ោង បៀរ បញ្ជល់មាន់ផង លេងយ៉ាងវក់វី សុីសងដូចគេអារក ។  ប្រជាពលរដ្ឋរស់នៅជិតទីតាំងនោះ បានប្រតិកម្មនឹងសកម្មភាពល្បែងខាងលើនោះ ដោយបានសម្តែងពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពបុគ្គល និងគ្រួសារគាត់ ។ប៉ុន្តែ អាជ្ញាធរយើងលោក ដើរបិទភ្នែកឬឈ្ងោក ធ្វើហាក់មើលមិនឃើញបនល្បែងទីតាំងនោះទេ ឬមានចេតនាធ្វើមិនដឹង?  ទើបមិនបង្ក្រាបឡើយ សង្ស័យថា  មេតារាងបាល់ទះបង្កប់ល្បែងខាងលើនោះ បានដាក់ថ្នាំសណ្តំអោយលង់លក់ទាំងអស់ទៅហើយ?។ ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់តឹងទ្រូងនឹងឥរិយាបទរបស់អាជ្ញាធរសង្កាត់បឹងត្របែកពេកហើយ ទើបទម្លាយចេញដល់សារព័ត៌មានអោយជួយចុះផ្សាយ  ដើម្បីអោយបានដឹងដល់  លោកស្នងការនគរបាលក្រុងភ្នំពេញ និងអភិបាលក្រុងភ្នំពេញផង ក្រែង អាចថាស់អោយអស់លោកចៅសង្កាត់ស្វាង ហើយចេះស្គាល់ពីតួនាទីរបស់ខ្លួនខ្លះ ។

        ប្រភពព័ត៌មានដដែលទម្លាយអោយដឹងថា៖នៅក្នុងសង្កាត់បឹងត្របែកនោះ អ្នករកសុីទុច្ចរិតបើកបនល្បែងសុីសង ល្មើសសច្បាប់មានច្រើនស្កេកស្កះ បាននឹងកំពុងបើកអាជីវកម្មល្មើសច្បាប់ព្រោងព្រាតពាសពេញសង្កាត់  ផ្គើននឹងបទបញ្ជារបស់ចៅហ្វាយក្រុង ផ្គើនបទបញ្ជាស្នងការនគរបាលក្រុង ផ្គើនគោលនយោបាយភូមិសង្កាត់មានសុវតិភាពរបស់ក្រសួងមហាផ្ទៃ ផ្គើនបំរាមប្រមុខរាជរដ្ឋាភិបាល ជាពិសេសតារាងបង្កប់ល្បែងខាងលើនេះល្បីថា មានមន្ត្រីនគរបាលគ្រាក់មួយរូប បានធ្វើជាបង្កែកអោយដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ទើបមេបនល្បែងហ៊ានបើកលេងផ្គើនយ៉ាងសំញែងបែបនេះ ។

        ប្រភពពីប្រជាពលរដ្ឋមួយរូបនិយាយដោយសុំលាក់សិនឈ្មោះថា៖ មានគ្រួសារខ្លះ  មានប្តី ជនញៀនល្បែងនៅទីនោះ។ពួកគេខ្លះកំពុងទឹកភ្នែកដោយសារ កូនៗ និងប្តីលួចលុយសម្រាប់ទុកបម្រុងគ្រួសារទាំងមូលឬទុកដោះស្រាយជីវភាពប្រចាំថ្ងៃ យកទៅបំផ្លាញអស់ កូនខ្លះលួចយកលុយទៅលេងល្បែងនៅផ្ទះលេខ8  ផ្លូវលេខ466  ក្នុងសង្កាត់បឹងត្របែកនោះអស់ស្ទើររាល់ថ្ងៃ ហើយពេលចាញ់បោសគូថតែងតែ បង្កការលំបាកដល់គ្រួសារ និងភរិយាអោយទឹកភ្នែក ។

         លោកចៅសង្កាត់បឹងត្របែកមិនទាន់មានមធ្យោបាយទាក់ទងសុំបំភ្លឺបានទេ  ដោយគ្មានលេខទាក់ទង។ ចំណែកលោកមេប៉ុស្តិ៍បឹងត្របែកបានឆ្លើយតបតាមតេឡេក្រាមថា លោក(មិនដឹងទេ)។ដោយឡែកឯកឧត្តមស្នងការនគរបាលក្រុងភ្នំពេញ ឯកឧត្តម ស ថេត  មិនអាចទាក់ទងសុំជួយអន្តរាគមន៍ ដើម្បីចាត់វិធានការលើតារាងបាល់ទះបង្កប់ល្បែងនោះបានទេកាលពីព្រឹកមិញ ដោយសាទូរស័ព្ទលោកមិនអាចទាក់ទងបាន៕