ល្បិចថ្មីរបស់ឧក្រិដ្ឋជនផលិតគ្រឿងញៀនលក់ក្នុងតម្លៃថោកដើម្បីអូសទាញអ្នកប្រើប្រាស់ដ៏គួរអោយបារម្ភ

  លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានលើកឡើងនូវការកត់​សម្គាល់ថា៖រយៈពេល​៣ខែឆ្នាំ២០២២​នេះ សមត្ថកិច្ចបង្ក្រាប​បាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​ធំៗ​ និង​បានរឹបអូស​ថ្នាំញៀន​ក្នុងបរិមាណ​មួយដ៏ច្រើន​។​ជាក់ស្ដែង​ដូចកាលពីថ្ងៃទី​១២មីនា ឆ្នាំ២០២២ បុរស​ខ្មែរ​ម្នាក់និង​ជនជាតិអាមេរិកាំង​ម្នាក់ ​ដែលត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ទើបនឹងចាប់ខ្លួនបានថ្មីៗបាន​បញ្ជូនបន្តទៅអោយចៅ​​ក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជ​​ធានីភ្នំពេញ ​បន្ទាប់មកតុលាការបានចេញ​ដីកា​ឃុំ​ខ្លួនពួកគេក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុងបទចោទពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម។ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថ្ងៃទី១២មេសា២០២២នេះដែរ លោក មាស វីរិទ្ធ បានបង្ហាញក្ដីព្រួយបារម្ភរបស់លោកចំពោះនិន្នាការថ្មី នៃការប្រើប្រាស់គ្រឿងញៀន  ដោយក្រុមឈ្មួញជួញដូរគ្រឿងញៀន  ដែលប្រើវិធីផលិតគ្រឿងញៀនធ្វើឲ្យតម្លៃគ្រឿងញៀនធូរថ្លៃ ដែលជាផ្នែកមួយជម្រុញឲ្យមានការប្រើប្រាស់កើនឡើង។លោក មាស វីរិទ្ធបន្តថា៖ នៅក្នុង​២០២១ ​មានមនុស្ស​ជិត​១៤.០០០​នាក់​ត្រូវ​បានចាប់ខ្លួន​ពី​បទ​ល្មើស​គ្រឿងញៀន ហើយ​គ្រឿងញៀន​ជាង​៤​តោន​ត្រូវបានរឹបអូស។បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញក៏ធ្លាប់ប្រាប់អោយដឹងដែរថា៖បច្ចុប្បន្នកម្ពុជាមានសារធាតុគីមីផ្សំជាគ្រឿងញៀនជាង៣០០តោន ត្រូវបានរក្សា​ទុក​ក្នុង​ឃ្លាំង ដើម្បី​រក​សារ​ធាតុ​គីមី​ម្យ៉ាង​ទៀតមកបំប្លែងបន្សាបមុននឹងយកទៅកប់ចោល ព្រោះមិនអាចកប់ដោយផ្ទាល់បានទេ  ដោយសារវាមានជាតិពុល។

     គួរកត់សម្គាល់ដែរថា  នគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈផ្ទាល់ ដែលបានចុះទៅបង្ក្រាបសកម្មភាពឈ្មួញគ្រឿងញៀន២នាក់ ដែលលោក មាស វីរឹទ្ធបានលើកឡើង។បន្ទាប់ពីចាប់បាន  បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង៤០គីឡូក្រាមនោះទៅកាន់  អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីចាត់ចែងបើកការស៊ើបសួរបន្ត ទៅតាមនីតិវិធី។

     យោងតាមការសង្កេតនាពេលថ្មីៗនេះ គួរតែអាចថា  មន្ទីរប្រឆាំងគ្រឿងញៀន បានបង្កើនកិច្ចប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្ម ចុះបង្ក្រាបសកម្មភាពឈ្មួញចរាចរនិងជនសេពគ្រឿងញៀនកាន់តែមមាញឹក ដើម្បីឆ្លើយតបសកម្មភាពជួញដូររបស់ឈ្មួញគ្រឿងញៀននិងអ្នកសេពគ្រឿងញៀន ដែលធ្វើតាមរូបភាពសកម្មភាពថ្មីៗ។

  គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យទី៥ឬ(ហៅក៥) មានការសម្របសម្រួលពីលោក វង្ស សាវ៉ាតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ទីតាំង នៅចំណុចមុខផ្ទះមួយកន្លែងនៅក្នុងបុរីទន្លេបាសាក់ ខណ្ឌចំការមន ទីក្រុងភ្នំពេញ និង នៅក្បែររបងវត្តនាគវ័ន្ត ក្នុងខណ្ឌទួលគោក  ហើយឃាត់ខ្លួនជនសង្ស័យជួញដូរចំនួន២នាក់១-ឈ្មោះusstteriabdur rahman a ភេទប្រុស កើតឆ្នាំ១៩៨៩ជាជនជាតិអាមេរិក និង២-ឈ្មោះឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ជាតិខ្មែរ  រឹបអូសវត្ថុតាងគ្រឿងញៀ ចំនួន៤២,៧២៤គីឡូក្រាមប្រភេទមេតំហ្វេតាមីន(ICE)។បេសកកម្មនេះធ្វើឡើងតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង០១:១៥នាទីថ្ងៃ០៦ មីនា២០២២ ៕