ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ចូលរួម​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង

Bakheg news.comចន្ទ័, ២៧ មិថុនា ២០២២

     ​ភ្នំពេញ​ ៖​ កាលពីព្រឹក​ថ្ងៃអាទិត្យ​ ១២​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​២៥៦៦​   ដែលត្រូវ​នឹង​ថ្ងៃ​ទី​២៦​ខែមិថុនា​ ឆ្នាំ​២០២២​ឯកឧត្តម​នាយឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​(ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២២​) ក្រោម​ប្រធានបទ​«ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព​ និង​មនុស្សធម៌​»​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ របស់សម្តេច​ក្រឡាហោម ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ក្នុងនាមតំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាលសន្និសីទ​ និង​ពិព័រណ៍​កោះ​ពេជ្រ​។

     ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ឯកអគ្គរាជទូតនានាប្រចាំកម្ពុជា អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន អភិបាលរាជធានីភ្នំពេញសរុបប្រមាណ៣០៩៥នាក់។

     ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើសេចក្ដីរាយការណ៍អំពីប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ទាប់មកឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញឡើងអានសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិនាទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦។

  ឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា សម្ដេចពិតជាមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដើម្បីរួមគ្នាប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នាពេលនេះ។

   សម្ដេចក្រឡាហោម បន្ដថា ការប្រារព្ធពិធីដ៏មានសារៈ សំខាន់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធាន បទផ្សេងៗគ្នា ក្នុងគោលបំណងដាស់តឿនក្រើនរំឮកដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានកាន់តែច្បាស់ថែមទៀតពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលមានការពាក់ព័ន្ធគ្រឿងញៀនហើយបានអំពាវនាវ និងបំផុសឱ្យមានការចូលរួម និងគាំទ្រកាន់តែសកម្មថែមទៀត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងដោយប្រយោល។

  សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការអរគុណ និងកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួង-ស្ថាប័ន-អង្គាភាពជាសមាជិក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមទួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។សម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ផងដែរចំពោះក្រសួង-ស្ថាប័ន-អង្គភាពពាក់ព័ន្ធ អង្គការ-សមាគមជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជននិងបណ្តាប្រទេសជាមិត្ត និងបងប្អូនប្រជាពលរដ្ឋទូទៅ ជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ទាំងក្នុងពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៦ ដំណាក់កាលរបស់រាជរដ្ឋាភិបាលដំណើរទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

   សម្ដេច ក្រឡាហោម ស ខេងបានរម្លឹកថា ការបំភ្លេច ឬការមិនយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចធ្វើឱ្យមានការធ្លាក់ចុះនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនពិសេសក្នុងចំណោមក្រុមគោលដៅជាយុវជនប្រឈមខ្ពស់ងាយធ្លាក់ទៅក្នុង អន្ទាក់នៃបញ្ហាគ្រឿងញៀន ប៉ុន្តែយើងមិនត្រឹមតែមិនបំភ្លេច ឬទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយឡែកប៉ុណ្ណោះទេ ផ្ទុយទៅវិញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប់ជាប្រចាំ ពិសេសក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំង១០០% របស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឱ្យសមត្ថកិច្ចមានលទ្ធភាព យ៉ាងច្រើនក្នុងការបន្តសកម្មភាពរបស់ខ្លួន ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់មុខសញ្ញារហូតឈានដល់ការបង្រ្កាប និងវាយបំបាក់នូវរាល់ល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដែលព្យាយាមធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ និងប៉ងប្រើប្រាស់កម្ពុជាធ្វើជាទីតាំង កែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់។

    សម្ដេច ក្រឡាហោម ស ខេង បន្តថាក្នុងដំណាក់កាលនៃការឆ្លង រាលដាលជំងឺកូវីដ-១៩ ខ្លាំងគឺឆ្នាំ២០២០ និងឆ្នាំ២០២១ សមត្ថកិច្ចរបស់យើង ស្រាវជ្រាវរកឃើញ និង បង្រ្កាប បាន១០.៤៦១ ករណី ក្នុងឆ្នាំ២០២០ និង ៦.៣០៨ ករណី ក្នុងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២១.៥៦៦ នាក់ ក្នុងឆ្នាំ២០២០និងចំនួន ១៣.៩៧៩ នាក់ ក្នុងឆ្នាំ២០២១ព្រមទាំងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទចំនួន ៣តោន៨៧៥គក្រនិង៨៩៨ក្រ,ឆ្នាំ២០២០ចំនួន ៤តោន៦៨៩គកនិង៦១១,៤៧ក្រ។បរិមាណគ្រឿងញៀនដែល រឹបបានក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើង គួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបរិមាណ គ្រឿងញៀន ដែលរឹបអូសបានមុន កូវីដ-១៩។សម្តេចបន្តថា៖ទោះបីជាយើងសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈយ៉ាងនេះក៏ដោយ ក៏ស្ថានភាព និងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងនៅលើសកលលោក នៅតែគ្មានការថយចុះ ហើយថែមទាំងមានការកើនឡើង គួរឱ្យព្រួយបារម្ភ ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ និងវិបត្តិនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។ ចំពោះកម្ពុជា យើងក៏នៅតែបន្តទទួលរង ឥទ្ធិពល និងផលវិបាកនៃវិបត្តិទាំងនេះផងដែរដោយកន្លងមក ក៏ដូចជាក្នុងពេលថ្មីៗនេះក្រុមឧក្រិដ្ឋគ្រឿងញៀនមិនត្រឹមតែព្យាយាមលួចលាក់ចរាចគ្រឿងញៀនឆ្លងកាត់ និងចូលមកកម្ពុជា ប៉ុណ្ណោះទេ ពួកនេះបានព្យាយាមម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ផលិតគ្រឿងញៀនថែមទៀត។

   ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្នុងនាម ប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល សម្ដេចបាន ទាញការចាប់អារម្មណ៍លើចំណុចមួយចំនួននៃសារណែនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យអង្គពិធីទាំងមូលយល់កាន់តែច្បាស់ ហើយចូលរួមអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារនៃប្រធានបទដែលបានលើកឡើង សម្រាប់ឆ្នាំនេះគឺ ដោះស្រាយបញ្ហាគ្រឿងញៀន   ក្នុងវិបត្តិនៃបញ្ហាសុខភាព និង មនុស្សធម៌ ៕