ថ្នាក់ដឹកនាំនិងមន្ដ្រីនគរបាលនៃមន្ទីរគ្រឿងញៀន ទទួលបានការកោតសរសើរពីអគ្គស្នងការនគរបាលជាតិ និង ការសាទរពីពលរដ្ឋ ចំពោះខិតខំតស៊ូបង្ក្រាបបទឧក្រិដ្ឋនេះបានជោគជ័យជាបន្ដបន្ទាប់

(ភ្នំពេញ)៖ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន លើការដែលបានខិតខំប្រឹងប្រែងតស៊ូ លះបង់កម្លាំងកាយចិត្ត ដើម្បីបង្ក្រាបបទឧក្រិដ្ឋដែលមានលក្ខណៈជាសកលមួយរយៈពេលថ្មីនេះ ទទួលបានជោគជ័យជាបន្ដបន្ទាប់ ហើយទទួលបានការសាទរពីសាធារណមតិផងដែរ។

ការកោតសរសើរនេះបានធ្វើឡើងតាមរយៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។

 ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងអំពីនិន្នាការ ប្រែប្រួលសភាពការណ៍គ្រឿងញៀនជាសកល និងនៅកម្ពុជា ដែលបង្កើតបញ្ហាប្រឈម និងការព្រួយបារម្ភជាច្រើនក្នុងសង្គមកម្ពុជា។ទន្ទឹមនេះឯកឧត្តមឆាយ គឹមឃឿនបាននាំនូវពាក្យផ្តាំផ្ញើកោតសរសើររបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរប្រឆាំងគ្រឿងញៀន និងចំពោះកងកម្លាំងប្រយុទ្ធប្រឆាំងគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ ដែលបានខិតខំតស៊ូបង្រ្កាបករណីគ្រឿងញៀននៅកម្ពុជា និងឈានទៅដល់ការបង្រ្កាបមេខ្លោង និងបំផ្លាញនូវទីតាំងកែច្នៃ ផលិតគ្រឿងញៀន ដែលជាបញ្ហាថ្មីសម្រាប់កម្ពុជា។

   ទន្ទឹមនឹងការលើកសរសើរ និងលើកទឹកចិត្ត លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿនអគ្គស្នងការរង ក៏បានលើកឡើងអំពីបញ្ហាខ្វះខាតអសកម្ម និងបញ្ហាប្រឈមមួយចំនួនដែលជាសញ្ញាអវិជ្ជមានខ្លះ ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នអង្គភាព  ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាស្ថាប័ននគរបាលជាតិដោយសារតែការវាយប្រហារពីបណ្តាញទំនាក់ទំនងសង្គម ជាការបង្ហាញពីអំការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេស ការលើកឡើងពាក់ព័ន្ធនឹងសកម្មភាពរបស់មន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយចំនួនតូច។ឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯកឆាយ គឹមខឿន ក៏បានលើកឡើងពីវិធានការគន្លឹះមួយចំនួន ក្នុងការដោះស្រាយបញ្ហាប្រឈមដូចជា៖

   ទី១៖ ណែនាំឲ្យខិតខំពង្រឹងវិន័យរបស់កងកម្លាំង និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសរសើរលើកទឹកចិត្តចំពោះមន្រ្តីមានស្នាដៃ និងអនុវត្តវិន័យតឹងរឹង និងវិធានការច្បាប់យ៉ាងហ្មត់ចត់ចំពោះមន្រ្តីដែលអនុវត្តខុសឆ្គងនឹងវិន័យ ឬក៏អនុវត្តផ្ទុយពីច្បាប់។ ត្រូវអប់រំ និងលុបបំបាត់ឲ្យបាននូវរាល់អំពើអសកម្ម ដែលធ្លាប់កើតមានកន្លងមក និងមិនឲ្យកើតមានតទៅទៀត។

     ទី២៖ ត្រូវធ្វើបច្ចុប្បន្នភាព វិធីសាស្ត្រប្រតិបត្តិការ និងផ្តោតការយកចិត្តទុកដាក់បង្រ្កាបករណីដែលមានខ្សែបណ្តាញធំៗ ដោយឡែកករណីតូចតាចត្រូវចង្អុលដឹកនាំទៅកម្លាំងជំនាញនៅឯមូលដ្ឋាន ដើម្បីធ្វើការបង្រ្កាប។

     ទី៣៖ ពង្រឹងការងារគ្រប់គ្រងអង្គភាព និងមន្រ្តី ដោយត្រូវពង្រឹងយន្តការគ្រប់គ្រងដឹកនាំឲ្យបានច្បាស់លាស់ លើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងត្រូវមានកម្មវិធីបណ្តុះបណ្តាលនៅនឹងកន្លែង និងធ្វើការដកបទពិសោធន៍ ការបំផ្លាញករណីដើម្បីឲ្យមន្រ្តីទទួលបាន ការពង្រីកបានសមត្ថភាពក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន។

  ទី៤៖ ណែនាំឲ្យជំរុញបន្តអនុវត្តទិសដៅឆមាសរបស់មន្ទីរប្រឆាំងគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជារបស់ក្រសួងមហាផ្ទៃ ជាពិសេស អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំគ្រឿងញៀន របស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យថែមទៀត៕